|
ទីផ្សារ អចលនទ្រព្យនៅកម្ពុជា នៅមិនទាន់ងើបឡើងវិញនៅឡើយទេ បន្ទាប់ពីបានធ្លាក់ចុះចាប់តាំងពីកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពី ២ឆ្នាំមុន។ ផ្ទះល្វែងដីធ្លីនៅទីក្រុងភ្នំពេញ និងនៅជាយក្រុងជាច្រើនស្អេកស្កះ នៅក្នុងអំឡុងពេលនេះបានដាក់ប្រកាសលក់ ឬជួល ប៉ុន្តែជួនកាលការដាក់ប្រកាសទាំងនោះ បានធ្វើឡើងកាន់ខែកាន់ឆ្នាំ ហើយក៏នៅតែមិនដាច់ រហូតនាំម្ចាស់អចលនទ្រព្យខ្លះបានដកប្រកាសទាំងនោះបោះចោល។ ភ្នាក់ងារក្រុមហ៊ុនអចលនវត្ថុ ឬក្រុមហ៊ុនលក់ដូរផ្ទះសម្បែងដីធ្លី វិសាល លោក គឹម ហៃ បានឲ្យដឹងថា ម្ចាស់ទ្រព្យជាច្រើននាក់មានអារម្មណ៍នឿយណាយក្នុងការប្រកាសលក់ ផ្ទះសម្បែង ចំណែកឯភ្ញៀវអ្នកទិញផ្ទះសម្បែងវិញ គេនៅតែឃើញមានដោយកម្រ។
លោក គឹម ហៃ មានប្រសាសន៍ដូច្នេះ ៖ «តាំងពីសេដ្ឋកិច្ចធ្លាក់ចុះ មករហូតដល់ឥឡូវប្រហែលជា ២ឆ្នាំ អ្នកខ្លះដាក់លក់តាំងពីមុនគេធ្លាក់ចុះទៀត អ៊ីចឹងគាត់ដក (ស្លាកដាក់លក់)។ យើងទូរស័ព្ទសួរ ស្មានតែគេលក់ដាច់... ខ្ញុំធ្វើការស្រាវជ្រាវទៅ គឺដោយសារគាត់នឿយណាយនឹងការដាក់លក់ពេក»។
តម្លៃអចលនវត្ថុនៅប្រទេសកម្ពុជា ដូចជាដីធ្លី និងផ្ទះសម្បែង បានធ្លាក់ចុះជាគំហុក ហើយបច្ចុប្បន្ននេះកំពុងតែដាំក្បាលចុះបន្ថែមទៀត មិនទាន់ងើបរួចនៅឡើយទេ ក្រោយពីប្រទេសកម្ពុជា បានទទួលរងនូវឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោករយៈពេល ២ឆ្នាំមកនេះ។
ប្រភពពីក្រុមហ៊ុនអចលនទ្រព្យឈ្មោះ LPA បានឲ្យដឹងថា អ្វីៗមិនទាន់ប្រសើរនៅឡើយទេ។ កាលពីឆ្នាំ២០០៥ និង ២០០៦ តម្លៃដីមួយម៉ែត្រការ៉េថ្លៃរាប់រយដុល្លារ ទៅច្រើនពាន់ដុល្លារនៅកណ្ដោលក្រុងភ្នំពេញ បច្ចុប្បន្នបានធ្លាក់ចុះចំនួន ៣០% នៅកណ្ដាលក្រុងភ្នំពេញ ហើយនិងធ្លាក់ចុះជាង ៤០% ទៅ ៦០% នៅជាយក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្ត។
លោក សួស ចិន្តា ប្រធានក្រុមហ៊ុនអចលនវត្ថុ LPA បានប្រាប់ឲ្យដឹងទៀតថា ក្រុមហ៊ុនសំណង់ចំនួន ៧០% បានផ្អាកការសាងសង់របស់ខ្លួន ហើយគេនៅឃើញតែក្រុមហ៊ុនសំណង់ធំៗតិចតួចប៉ុណ្ណោះ ដែលកំពុងតែបន្តសកម្មភាពសាងសង់ផ្ទះសម្បែង ក្រោយពីបានទទួលកុងត្រាជ្រុលកាលពីប៉ុន្មានឆ្នាំមុន។
លោក សួស ចិន្តា អះអាងបន្ថែមទៀតអំពីមូលហេតុដែលនាំឲ្យតម្លៃអចលវត្ថុនៅកម្ពុជា ធ្លាក់ចុះយ៉ាងដូច្នេះ ៖ «និយាយ ទៅ វិនិយោគបរទេសមកលើអចលនវត្ថុអត់មាន ថយចុះ ដល់អ៊ីចឹងចលនាទិញលក់ក្នុងស្រុកក៏អត់មានដែរ។ ធម្មតា បើពួកហ្នឹងមកទិញលក់ដូចមុន ពួកអ្នកមាននៅក្នុងស្រុកត្រូវការបង្វិលទិញលក់ដែរ...។ នៅក្នុងក្រុង បើនិយាយទៅអ្នកដែលទិញសាងសង់ទិញអីហ្នឹងវាអស់ហើយឥឡូវហ្នឹង សឹងតែស្ងាត់»។
លោក ស៊ា ឆៃលីន តំណាងក្រុមហ៊ុន វិសាល Real Estate បានថ្លែងថា នៅកន្លែងខ្លះ តម្លៃដីធ្លីបានស្រុតចុះខ្លាំងមែនទែន ប៉ុន្តែនៅតែពុំមានអ្នកទិញឡើយ ៖ «មិនមែន ៣០% ទូទាំងប្រទេសទេ ជួនកាលកន្លែងខ្លះអាចលើសហ្នឹង ហើយសម្រាប់ម្ចាស់អចលនទ្រព្យណាដែលត្រូវការចាំបាច់បំផុត គេហៅថា ទឹកដល់ច្រមុះនោះ ជួនកាលអាចលក់ខាតលើសពី ៥០% ក៏មានដែរ»។
នៅគ្រាដែលតម្លៃដីធ្លីធ្លាក់ចុះ ដោយសារតែមិនមានអ្នកទិញ និងអ្នកបណ្ដាក់ទុនលើអចលនទ្រព្យ ក្រុមអ្នករកស៊ីផ្នែកសំណង់ជាច្រើន ត្រូវបានគេនិយាយថា ទទួលរងនូវការខាតបង់ ក្រោយពីការសាងសង់ផ្ទះល្វែងរាប់រយរាប់ពាន់ល្វែង ហើយលក់មិនដាច់។
ក្រុមហ៊ុនសំណង់ខ្លះបានចាប់ផ្ដើមលក់សំណង់ផ្ទះរបស់ខ្លួនឡាយឡុង ដើម្បីយកប្រាក់សងធនាគារគេចផុតពីការរឹបអូស ហើយមានក្រុមហ៊ុនសំណង់ក្នុងស្រុកខ្លះទៀតបានផ្អាកការដ្ឋានរបស់ ខ្លួនចោល ដើម្បីគេចពីការខាតបង់។
អ្នករកស៊ីផ្នែកសំណង់ផ្ទះល្វែង ឈ្មោះ ឡុង វាសនា ដែលកំពុងសាងសង់ផ្ទះល្វែងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រសាសន៍ថា សំណង់ផ្ទះល្វែងងាយលក់បំផុតកាលពីមុន។ សំណង់ វ៉េង ឡុង របស់លោក ដែលច្រើនធ្វើនៅជាយក្រុងភ្នំពេញ បានលក់ដាច់ភ្លាមៗ ស្ទើរសង់មិនទាន់កាលពីមុន ប៉ុន្តែបច្ចុប្បន្ននេះពិបាក។
លោកបន្តថា បច្ចុប្បន្នលោកសាងសង់នៅពេលមានអ្នកទិញប៉ុណ្ណោះ។ លោកបានប្រាប់ទៀតថា ផ្ទះល្វែងនៅតែលក់បានងាយ បើផ្ទះនោះមានតម្លៃត្រឹមតែ ១៨.០០០ដុល្លារទៅ ៣០.០០០ដុល្លារ ៖ «លើកមុនអ្នកទិញទុកច្រើន សេដ្ឋកិច្ចឡើងវាច្រាសច្រាលទាំងអស់គ្នា សឹងតែយើងធ្វើលក់អត់ទាន់ទេ ដល់ឥឡូវសេដ្ឋកិច្ចធ្លាក់ទៅរាងទ្រឹង លក់អត់សូវចេញ ដល់រយៈពេលប៉ុន្មានខែនេះ មានធនាគារគេឲ្យប្រាក់កម្ចី ១៥ឆ្នាំទៅ អ្នកត្រូវការរាងច្រើនបន្តិច សុទ្ធតែអ្នកចាំបាច់នៅអ្នកទិញទុកលែងមានហើយ»។
មកដល់ពេលនេះ គេមិនទាន់ឃើញសញ្ញាណាមួយថា តម្លៃដីធ្លី និងផ្ទះសម្បែងអាចងើបឡើងវិញ បើទោះបីជាក្រុមអ្នកវិភាគសេដ្ឋកិច្ចបានអះអាងកាលពីឆ្នាំមុនថា សេដ្ឋកិច្ចខ្មែរអាចងើបឡើងឡើងវិញ នៅក្នុងឆ្នាំ២០១០នេះក៏ដោយ។
អ្នករកស៊ីផ្នែកអចលនវត្ថុបានទស្សន៍ទាយថា តម្លៃដីធ្លីនៅកម្ពុជា អាចវិលមកមានចលនាវិញនៅក្នុងអំឡុងពេល ២ឆ្នាំទៀតខាងមុខ ប៉ុន្តែយ៉ាងដូច្នេះក្តី ការរំពឹងទុកនេះមិនសូវមានសង្ឃឹមច្រើនប៉ុន្មានទេនៅគ្រាដែល ប្រទេសធំៗ នៅក្នុងពិភពលោក នៅតែបន្តជួបប្រទះវិបត្តិសេដ្ឋកិច្ច ៖ «ខ្ញុំ គិតថា វានៅតែបន្តអូសបន្លាយទៅមុខទៀត ដរាបណាប្រជាជនយើងគេអាចរកចំណូលបានច្រើនឡើងវិញ ទីផ្សារអចលនទ្រព្យក្នុងស្រុកខ្មែរមានការត្រូវការឡើងវិញពីអតិថិជន ជាពិសេសវាមានបូករួមបញ្ចូលជាមួយនឹងវិនិយោគទុកមកពីខាងក្រៅផង ដែរ។ ប្រសិនបើមានវិនិយោគិនមកបោះទុនលើការអភិវឌ្ឍអចលនទ្រព្យនៅក្នុង ស្រុក ពេលនោះខ្ញុំគិតថា ជាកត្តាមួយដែលអាចជួយជំរុញឲ្យទីផ្សារអចលនទ្រព្យយើងងើបឡើងវិញ»។
នៅគ្រាដែលតម្លៃដីធ្លីផ្ទះសម្បែងបានធ្លាក់ចុះ ប្រភពពីក្រុមហ៊ុនអចលនវត្ថុបានឲ្យដឹងទៀតថា មានក្រុមហ៊ុនអចលនវត្ថុធំៗ ចំនួនជាង ១០ក្រុមហ៊ុនប៉ុណ្ណោះ ដែលកំពុងធ្វើសកម្មភាពនៅពេលបច្ចុប្បន្ននេះ នៅក្នុងចំណោមក្រុមហ៊ុន ៣៥ក្រុមហ៊ុនដែលមានមុខពីមុន៕ |