Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
តុលាការ​ពន្យារ​ពេល​ស​វនា​ការកាត់ក្ដី​មន្ត្រី​ពុករលួយ​
Source From: Radio Free Asia
សាលា ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​លើក​ពេល​សវនាការ​សំណុំរឿង​អំពើពុករលួយ​របស់​មន្ត្រីជាន់ខ្ពស់ របស់​រដ្ឋាភិបាល​ម្នាក់ និង​ឈ្មួញ​ដីធ្លី​មាន​ឥទ្ធិពល​ម្នាក់​។​ ​

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ បាន​បើកសវនាការ​កាត់ទោស​មន្ត្រីជាន់ខ្ពស់​ក្រសួង​អធិការកិច្ច​ម្នាក់ និង​ឈ្មួញ​ដី​ម្នាក់ ពី​បទ​ក្លែង​លិខិតស្នាម ប្រព្រឹត្ត​អំពើ​ពុករលួយ ស៊ីសំណូកសូកប៉ាន់​ទឹកប្រាក់​សរុប ២០​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចៅក្រម​បាន​ប្រកាស​លើក​ពេល​សវនាការ​នេះ​ទៅ​ថ្ងៃក្រោយ​ទៀត ដោយ​មិន​កំណត់​ថ្ងៃ​សវនាការ​ជា​ថ្មី​ភ្លាមៗ​ទេ​។​

​ចៅក្រម​ជម្រះក្តី​លោក ជ័យ សុវណ្ណ នៃ​តុលាការ​រាជធានី​ភ្នំពេញ ក្រោយពី​បាន​បើក​សវនាការ​សួរដេញដោល​គ្នា​រវាង​មេធាវី​មួយចំនួន ដែល​បាន​ចូលរួម​សវនាការ​នោះ​រយៈពេល​ប្រមាណ ៣០​នាទី លោក​បាន​ប្រកាសថា លោក​សម្រេច​លើ​ក​ពេល​សវនាការ​នេះ​ទៅ​ថ្ងៃក្រោយ​ទៀត ដោយសារតែ​មាន​សំណើសុំ​ពន្យារ​ពេល​ពី​លោក ច័ន្ទ វិចិត្រ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ឈ្មួញ​ដីធ្លី​ម្នាក់​ឈ្មោះ ឌី ព្រឹម ភេទ​ស្រី ហើយ​តុលាការ​មិន​អាច​ដំណើរការ​សវនាការ​នេះ​បាន​ទេ ដោយ​អវត្តមាន​ជនជាប់ចោទ​។​

​លោក កៅ ទី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនរងគ្រោះ​ដែល​បាន​ព្យាយាម​តវ៉ា​មិនបាន សម្រេច សុំ​ឲ្យ​តុលាការ​បន្ត​សវនាការ​នេះ បាន​មានប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា ៖ «​ខកចិត្ត​ចំពោះ​លោក​ចៅក្រម ពន្យារពេល គឺ​ទុក​ឱកាស​ឲ្យ​ជនល្មើស ជនជាប់ចោទ​មាន​ឱកាស​ដើម្បី​មាន​សេរីភាព​ក្នុង​ការ​រត់​ការ​ដើម្បី​ដោះលែង ជន​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​»​។​

​លោក ខៀវ សុផល មេធាវី​ការពារ​ក្ដី​ឲ្យ​ចុងចោទ គឺ​លោក សេង យៀ​ន ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​អធិការកិច្ច បាន​មានប្រសាសន៍ថា លោក​ឯកភាព​ជាមួយ​នឹង​ការលើក​ពេលនេះ ដោយសារ​កូនក្ដី​របស់​លោក​អវត្តមាន​ផងដែរ​។​

​ឈ្មួញ​ដីធ្លី​លោកស្រី ឌី ព្រឹម និង​មេធាវី គឺ​លោក ច័ន្ទ វិចិត្រ ទាំងអស់គ្នា​បាន​អវត្តមាន​ក្នុង​សវនាការ​នេះ ប៉ុន្តែ​លោក ច័ន្ទ វិចិត្រ បាន​ស្នើ​ទៅ​តុលាការ​សុំ​លើក​ពេល​សវនាការ​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី ១៩ ខែកក្កដា ថ្មីៗ​នេះ​។​

​កសិករ​ខ្មែរ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ហួត សា​រុំ អាយុ ៦៥​ឆ្នាំ នៅក្នុង​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​បណ្ដឹង​ទំនាស់​ដីធ្លី និង​ករណី​ពុករលួយ ក្លែង​លិខិតស្នាម​នោះ បាន​ថ្លែង​ប្រាប់​នៅ​ក្រៅ​តុលាការ​ថា ៖ «​ដូច្នេះ ហើយ​ឲ្យ​តុលាការ​នេះ​ធ្វើការ​ឲ្យ​ត្រឹមត្រូវ ឲ្យមាន​ភាពយុត្តិធម៌ កុំ​ធ្វើការ​កាន់ជើង​ខាង​អ្នកជា​ជនឧក្រិដ្ឋ​ស្អី​គេ​នោះ អាហ្នឹង​វា​មិន​ត្រឹមត្រូវ​»​។​

​ប្រភព​បានឲ្យដឹងថា លោក សេង យៀ​ន ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធសភា ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​តាម​មាត្រា​ទី​៣៨ ក្រោម​បទ​ស៊ី​សំណូក​ជា​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​អ៊ុនតាក់ ជា​ថ្នូរ​នឹង​ការធ្វើ​របាយការណ៍​ភូតកុហក​ក្រសួង​អធិការកិច្ច និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លងទៅ ដើម្បីឲ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេ​ញ​លិខិត​ស​.​ជ​.​ណ រឹប​យក​ដីស្រែ​ជាង ៥​ហិកតា ពី​កសិករ ហួត សា​រុំ នោះ​។​

​ឈ្មួញ​ដីធ្លី​លោកស្រី ឌី ព្រឹម ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូកប៉ាន់​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិកឲ្យ​លោក សេង យៀ​ន ធ្វើ​របាយការណ៍​ភូតកុហក់​រឹប​យក​ដីធ្លី​ជាង ៥​ហិកតា​នោះ នៅ​គ្រា​ដែល​ដីស្រែ​ជាង ៥​ហិកតា​របស់​កសិករ​នោះ មាន​គេ​ចង់​ទិញ​ក្នុង​តម្លៃ ៧​លាន​ដុល្លារ​អាមេរិក​។​

​វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក សេង យៀ​ន និង​លោកស្រី ឌី ព្រឹម បានទេ ប៉ុន្តែ​មេធាវី​បាន​ប្រាប់​កាលពី​ពេល​ថ្មីៗ​នេះ​ថា កូនក្ដី​របស់​លោក​គឺ​គ្មាន​ទោស​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ថ្មីៗ​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង បានប្រកាសថា មុខសញ្ញា​មន្ត្រីរាជការ​ចំនួន​ជាង ១០​ម៉ឺន​នាក់ ដែល​មាន​ឋានៈ​ចាប់​ពី​អនុប្រធាន​នាយកដ្ឋាន​ឡើងទៅ នឹង​ត្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ចាប់ពី​ខែ​វិច្ឆិកា ខាងមុខ​នេះ​តទៅ​៕



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$320,000

US$210,000

US$700,000

US$300,000

US$150,000

US$90,000

US$500

US$120,000

US$630,000
Untitled Document
Featured Properties for Rent

US$1,300

US$2,000

US$1,500

US$2,000

US$700

US$700

US$6,000

US$1,500

US$7,000
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit